ច្បាប់ព្រះបន្ទូលចែង
ច្បាប់ព្រះបន្ទូលចែង
បទកាកគតិ
ទើបចែងជាច្បាប់ ទូន្មានមហាគាប់ តែងជានិទាន
តាមដោយគន្លង ព្រេងព្រឹទ្ធបុរាណ ប្រាជ្ញលោកនិទាន
ប្រដៅបុត្រភ្ងា ។
ហៃកូនពន្លក ស្ងួនអើយបាយក បណ្ដាំបិតា
ជីពុកនេះចាស់ ឥតអ្វីឲ្យបា ស្ងួនអើយរក្សា
ពាក្យជីពុកនៅ ។
ឱកូនកំសត់ រៀនឱនរៀនអត់ រៀនគិតក្នុងក្រៅ
រៀនឱនលំទោន កុំឲ្យអាសៅ – ហ្មងដល់ខ្លួនចៅ
កើតដល់ជនក ។
ដឹងឆ្លើយត្បិតដង កូនសោតរែងឆ្គង ដ្បិតតែអាពុក
ទ្រព្យគង់ដ្បិតស្រី ចេះរៀបដាក់ទុក ប្រះដេកឆាប់លក់
ដ្បិតឥតបើគិត ។
ចំណងទាំងឡាយ ១ កិច្ចកលដោះស្រាយ ដ្បិតតែគំនិត
ដឹងកិច្ចដឹងកល ដឹងឆ្ងាយដឹងជិត ដូចកល់កាំបិត
កាប់ឆ្កាទំលាយ ។
ល្មមទៅល្មមខាន ល្មមដើរបំពាន កុំគិតត្រង់ឆ្ងាយ
ល្មមឈប់បង្អង់ ល្មមខាននៅអាយ ក្ដីក្រកុំស្ដាយ
ក្ដីងាយកុំធ្វេស ។
សូវដើរកុំដេក សូវថប់កុំត្រេក សេចក្ដីប្រហែស
សូវខានកុំពារ ចចើងចចេស សូវចូលកុំចៀស
វាសរួចសឹមគូរ ។
លឿនកុំបំបោល ពាក្យព្រេងកុំចោល ខឹងកុំរទូរ
ស្រាយចេញឲ្យឆាប់ កុំឲ្យទុកយូរ សេចក្ដីនោះធូរ
នឹងដឹងខុស ត្រូវ ។
ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំព្យូហ៍
ទោះខឹងប៉ុន្មាន ធ្វើឋានឲ្យគួរ តឹងគិតឲ្យធូរ
យូរគិតឲ្យឆាប់ ។
សេចក្ដីសំរុង ពាក្យដើមពាក្យចុង ប្រកាន់ឲ្យខ្ជាប់
សូវនឿយឯខ្លួន កុំឲ្យបង់ទ្រព្យ សូវបង់ក្ដីគាប់
កុំឲ្យខ្លួនស្លាប់ ។
សូវស្លាប់ទៅជា កុំបង់ធម្មា ឥរិយាសីលគាប់
ឲ្យគិតជញ្ជឹង រំពឹងឲ្យសព្វ ពាក្យស្លែងកុំស្អប់
ពាក្យគាប់ឲ្យយក ។
ចង់ដូងឲ្យទុក្ខ២ ចង់បានក្ដីសុខ ឲ្យស្វែងដើររក
ឃើញច្បាប់ធម៌ផង ឲ្យយកខ្លួនជ្រក ក្ដីសោកមម៉ោក
ឲ្យចៀសចេញឆ្ងាយ ។
កូនអើយលោកិយ នេះឲ្យរៀនក្ដី រៀនច្បាប់ទាំងឡាយ
រៀនទាំងសំដី កុំបីរាយមាយ ក្ដីក្រក្ដីងាយ
ក្ដីគួរក្ដីសម ។
ឱកូនពុំងា ធម្មតាអ្នកជា រៀនថែរៀនទាំ
រៀនដាក់រៀនទុក រៀនរៀបរៀនចំ រៀនរកសន្សំ
លក់ចេញទិញចូល ។
មួយសោតឯច្បាប់ បើបាមានទ្រព្យ មនុស្សផងមកមូល
ពឹងពាក់បាណា បាយកប្រមូល សន្សំផ្សំចូល
យកមកជាគ្នា ។
កូនអើយឯម្លប់ មនុស្សចូលឈប់ សម្រាន្តអាត្មា
ព្រោះឈើមានម្លប់ ត្រសុំសាខា ម្ដេចឡើយប្រែជា
ក្ដៅជ្រកពុំបាន ។
មនុស្សផងរម្លង រកម្លប់ទៀតហោង ចូលចតសម្រាន្ត
ម្លប់នេះត្រជាក់ ត្រសាក់ក្សេមក្សាន្ត មនុស្សផងចូលថ្កាន
មិនមានហៅអាក់ ។
ឧបមាដូចទឹក ជ្រាលជ្រៅពន្លឹក ជាទីសំណាក់
មច្ឆាទាំងឡាយ ចេញចូលពឹងពាក់ ព្រោះទឹកត្រជាក់
មិនមានហ្មងសៅ ។
ពុំដឹងឡើយឯ ទឹកម្ដេចមកបែរ ប្រែទៅជាក្ដៅ
មច្ឆាទាំងឡាយ ព្រាត់ព្រាយរត់ទៅ រកទឹកទៀតនៅ
សំណាក់អាត្មា ។
កូនអើយបើច្នោះ អសារកេរ្តិ៍ឈ្មោះ ត្រូវត្រង់ខ្លួនបា
ព្រៀងលានទាំងឡាយ គេនឹងនិទ្ទា ដំនៀលដៀលថា
បាឯងពុំចេះ ។
អ័ប្បឥតប្រាជ្ញ អ័ប្បទាំងឥរិយា យោបល់ចំណេះ
អ័ប្បទាំងមារយាទ អ័ប្បទាំងដម្រិះ ដ្បិតបាឯងនេះ
ពុំចេះរក្សា ។
គួរនាដូចទឹក កូនអើយបើល្គឹក ពុំមានមច្ឆា
តូចមួយឈប់ជ្រក នៅក្នុងគង្គា ពុំរាប់ហៅជា
ប្រសើរឡើយហោង ។
មួយសោតអ្នកណា គេមកប្រាប់ថា ដ្បិតបាធ្វើឆ្គង
បាគិតជញ្ជឹង រំពឹងដើមទង កុំបាផ្ដោះផ្ដង
ផ្អៀងផ្អងពុំស្ដាប់ ។
ទូកហួសកំពង់ រាចែវបង្អង់ ថយមកចូលចាប់
ពាក្យលឿនហួសខ្នាតហៅឥតគំនាប់ ថយមករកគាប់
ពុំបានឡើយណា ។
អង្គុយហួសស័ក្ដិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា
ពុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា
ថាហួសសេចក្ដី ។
រីឯកង្កែប មុខដូចគេពេប ហាឡើងស្រដី
អួតឯងកំឡាំង ដល់នឹងដំរី ទោះទាំងរាជសីហ៍
ក៏អញមិនខ្លាច ។
មួយសោតចចក ដកក្រចកអក១ អួតអាងអំណាច
នឹងជ្រែកប្រឹឋពី ទៅខាំនាគរាជ ដណ្ដើមយករាជ្យ
ភូមិភពនាគា ។
រីសត្វអណ្ដើក វារឡើងវើក ៗ មកអួតអាត្មា
ថាអញនឹងលោត រំលងបព្វតា ហេតុក្ដីមោហា
ពុំដឹងខុសគាប់ ។
រីឯគីង្គក់ លោតឡើងពីភក់ មើលទៅគួរស្អប់
អួតខ្លួនថាល្អ ដូចមាសទឹកដប់ ពង្សអញចំប្រប់២
ដូចរាជសីហា ។
ហាឡើងមិនធ្យាន ស្ដីមិនប្រមាណ នឹងអង្គអាត្មា
សូវឱនកុំងើប សូវស្ងៀមកុំថា សូវគេចកុំការ
សូវកាប់កុំធ្វេស ។
ឱកូនពន្លក ច្បាប់នេះបាយក ស្ងួនកុំប្រហែស
ច្បាប់នេះប្រសើរ ហៅមហាពិសេស កូនអើយកុំធ្វេស
នឹងច្បាប់នេះនេះណា ។
មួយសោយឯល្បែង សប្បាយចង់លេង នឹងមានភរយា
នឹងកើតទុក្ខក្រោយ នឹងបង់ទ្រព្យា នឹងកើតនិន្ទា
បង់មារយាទគាប់ ។
សប្បាយធ្វើស្រែ ចម្ការជួញប្រែ នោះមានគេរាប់
សប្បាយមានឆី សប្បាយមានទ្រព្យ សប្បាយនោះគាប់
សប្បាយយឺនយូរ ។
មួយសោតឯស្រី ចេះលើកយសប្ដី ចេះគិតចេះគូរ
ចេះរៀបចេះចំ ឲ្យសមនឹងគួរ អ្នកផងនឹងសួរ
រកឈ្មោះពុំខាន ។
នាងនោះឈ្មោះអ្វី មុខមាត់ប្រឹមប្រីយ៍ សមជាអ្នកមាន
ម៉្លោះហើយនឹងកើត ទ្រព្យធនមិនខាន ព្រោះពាក្យសន្ដាន
ព្រៀងលានគេទាយ ។
រីឯពាក្យមនុស្ស ពុំដែលនឹងខុស ហួសពីទំនាយ
ពុំដែលនឹងល្អៀង មិនជិតមិនឆ្ងាយ អ្នកផងទាំងឡាយ
គួរគិតកុំឆ្ងល់ ។
ពាក្យព្រេងលោកថា លោកមានឧបមា ឲ្យគិតឲ្យយល់
ពាក្យលោកទំនឹម មិនមានឲ្យសល់ កូនអើយកុំឆ្ងល់
នឹងពាក្យនេះណា ។
កុំអួតកុំអាង ដើរកុំមើលរាង មើលអង្គអាត្មា
កុំដើរផ្ទះគេ ហួសពេលវេលា កុំទៅធានា
ទ្រព្យគេទាំងឡាយ ។
កុំដេកផ្កាប់មុខ កុំដើរពានថ្លុក ថាឯងសប្បាយ
មានទោសនឹងគេ កុំឲ្យនិយាយ ដើមគេទាំងឡាយ
នឹងកើតទោសធំ ។
ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ប្រវាឱបភ្នំ
ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្រងួអួតផ្លុំ
ប៉ីពកយកខ្យល់ ។
ខ្វាក់ឆ្លុះកញ្ចក់ ដកកក្រងក់ ហាក់ឯងមើលយល់
ខ្វិនអួតនឹងផ្លោះ រំលងលើគល់ ទំពែករកកល់
ចង់បានប្រេងលាប ។
ក្រងែងចង់រាំ ក្រោកឡើងទន្ទាំ កែងកោងអាបឡាប
ថ្លង់ចង់ស្ដាប់ច្រៀង ផ្អងផ្អៀងទន្ទាប ចែតូចខ្លួនទាប
ចង់ឈោងចាប់ផ្កាយ ។
កូនអើយចូរស្ដាប់ ពាក្យនេះមហាគាប់ គ្រប់ទ្វាទាំងឡាយ
បាគិតជញ្ជឹង រំពឹងឲ្យឆ្ងាយ កុំធ្វើរាយមាយ
នឹងច្បាប់នេះណា ។
មួយសោតគេប្រាប់ ថាបាពុំគាប់ ទោសដល់អាត្មា
កុំបាភ្លឹកភ្លាំង ស្លន់ ស្លាំងកាយា ប្រុងប្រាណឥរិយា
ស្មារតីឲ្យនឹង ។
រិះរកគំនិត ផ្ជុំយោបល់គិត ទង់ទាញសន្ធឹង
ប្រាជ្ញាមួយគិត ថាឡើងឲ្យដឹង ដម្រិះមួយវឹង
ធ្វើហាក់មិនភ្លឹក ។
កូនអើយលោកថា ពាក្យលោកឧបមា ដូចគុជសីហ៍សឹក
កាំភ្លើងជ័យធំ ពុំដែលនឹងភ្លឹក ចិញ្ជួចគគឹក
គគុកបោលចូល ។
ធម្មតាអ្នកជា អ្នកមានប្រាជ្ញា សន្ដានត្រកូល
ឲ្យគិតឲ្យដឹង រំពឹងឲ្យមូល ប្រាជ្ញាមួយចូល
ចងចាំទុកនៅ ។
កុំអួតកុំអាង កុំភូតបំព្រាង កុំឲ្យចែចូវ
កុំកាច់កុំកិន រអីររអូវ កុំនាំពាក្យទៅ
ប្រាប់ឲ្យកើតទោស ។
កុំវេះកុំវៀន កុំបៀតកុំបៀន កុំស្ដីតោសម៉ោស
គ្នាបានជាខុស ឲ្យមានសន្ដោស កុំហាឲ្យហួស
ជ្រួសពាក្យទៅមុន។
ចូលសឹកកុំញោច ជំពាក់កុំបោច ខ្ជិលកុំចងពន្ធ
នឹងគ្រូអាត្មា កុំឲ្យលោភលន់ សេចក្ដីទម្ងន់
សន្សឹមកុំបោល ។
កុំអួតកំឡាំង កុំអាងខ្លួនខ្លាំង រត់នឹងស្រមោល
កុំអាងខ្លួនធំ កុំងាយពាក្យពោល ពាក្យព្រេងកុំចោល
កុំថ្កោលទោស សង្ឃ ។
កុំចោលផ្លូវវៀច កុំអាងអំណាច ដើរកាត់ដម្រង់
ក្រែងបង់ឥរិយា សក្តាពុំគង់ លោកហៅថាល្ងង់
អ័ប្បឥតប្រាថ្នា ។
កូនអើយចូរស្ដាប់ ពាក្យនេះមហាគាប់ មានមិត្រស្នេហា
ឲ្យមើលមារយាទ មើលសព្វឥរិយា ឲ្យដឹងជាក់ជា
កាចឬវៀចត្រង់ ។
ឲ្យសមឲ្យសួន ឲ្យល្មមនឹងខ្លួន ឲ្យជួននឹងអង្គ
សឹមយកជាមិត្រ ស្និទ្ធស្នេហ៍ដ៏លង់ ទៅមកដម្រង់
ចេញចូលឆីចុក ។
មិត្រមួយសោតណាទៅមកកាន់គ្នា ចង់ឲ្យកើតសុខ
មិត្រមួយឲ្យទោស ចង់ឲ្យកើតទុក្ខ មិត្រមួយឲ្យឆុក
ឲ្យបាត់បង់ទ្រព្យ ។
ឱកូនពិសី កូនប្រុសកូនស្រី កូនអើយបាស្ដាប់
ទំនឹមទំនង គន្លងផ្លូវច្បាប់ ទុកជាសណ្ដាប់
នៃនរជនជាតិ ។
មួយសោតលោកថា ឫកក្នុងអាត្មា មាន ៣ ពុំឃ្លាត
មួយឆីមួយដេក មួយដើរជាខ្នាត ឆីឥតមារយាទ
ពុំត្រូវសណ្ដាប់ ។
ដើរឥតបើគិត ដើរឥតគំនិត ហៅខុសនឹងច្បាប់
ដេកដល់ថ្ងៃរះ ហៅឥតគំនាប់ ចង្រៃអភ័ព្វ
នឹងជាប់អាត្មា ។
នឹងស្វែងរកទ្រព្យ ចង្រៃអភ័ព្វ មិនឲ្យជំនា
ឲ្យកើតតែទោស នឹងបង់ទ្រព្យា នឹងរកភរិយា
ហាក់ដូចគេណាយ ។
ព្រោះក្ដីអភ័ព្វ ចង្រៃអព -មង្គលទាំងឡាយ
ចូលក្នុងអាត្មា មិនមានទៅឆ្ងាយ ជ្រួតជ្រាបក្នុងកាយ
ក្នុងអង្គអាត្មា ។
ទោះប្រុសទោះស្រី បើមានឫក ៣ ដូចច្បាប់លោកថា
ឫកដើរឫកដេក ឫកឆីអាហារ ជាអ្នករក្សា
ឥរិយាមារយាទ ។
ខ្លាចមេខ្លាចបា ទោះបីធ្វើការ មិនមានឲ្យឃ្លាត
ទោះបីនឹងលើក នឹងលេងមានខ្នាត ជាអ្នកសង្វាត
ខ្មីឃ្មាតធ្វើការ
អ្នកផងទាំងឡាយ ទោះជិតទោះឆ្ងាយ គេយកឥរិយា
គេយកចំណេះ ជាអ្នកសៀមសា គេចង់បានបា
ចងពន្ធជាញាតិ ។
មានខ្សត់ពុំគិត យកតែគំនិត ឥរិយាមារយាទ
យកតែរបៀប រៀបចំជាខ្នាត ឧស្សាហ៍សង្វាត
រក្សាទ្រព្យា ។
រីម្ដាយអាពុក នឹងបានលើកមុខ ដោយកូនពុំងា
ទាំងអស់បងប្អូន ជីដូនជីតា ម្ដាយមីងនូវមា
សឹងស្រួលចូលចិត្ត ។
ដ្បិតកូនសុភាព ជាអ្នករាបទាប ត្រូវនឹងគំនិត
គ្រប់អស់បងប្អូន ទោះឆ្ងាយទោះជិត សរសើរគំនិត
បានេះឯងណា ។
កូនអើយចូរស្ដាប់ ចូរចាំឲ្យខ្ជាប់ ទុកនៅអាត្មា
ទំនឹមទំនង គន្លងឧបមា ព្រះពុទ្ធទេសនា
ទូន្មានសត្វហោង ។
80 វ៉ាវច្រើនម៉េះ អានម៉េចអស់
មិនដឹងធ្វើម៉េចទេ កវីពីដើមតែងមកវែងអ៊ីចឹង ឃើញថាល្អក៏យកមកឲ្យអង្គលីបុត្រ មើលលេងទៅ